ផ្លូវក្រងិចក្រង៉ុក
លោកចន ផាយភ័រ(John Piper) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុងនោះ គាត់បានមានប្រសាសន៍ អំពីផែនការ និងការដឹកនាំរបស់ព្រះ យ៉ាងដូចនេះថា “ជីវិតមិនមែនជាខ្សែបន្ទាត់ត្រង់ ដែលនាំទៅរកព្រះពរមួយហើយ មួយទៀត រហូតទៅដល់នគរស្ថានសួគ៌នោះឡើយ។ តែជីវិតជាផ្លូវក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា … ទន្ទឹមនឹងនោះ ព្រះទ្រង់មិនមែនគ្រាន់តែមកជួយយើង ពេលមានបញ្ហាប៉ុណ្ណោះទេ តែព្រះអង្គបានរៀបចំទិសដៅនៃជីវិតយើង ហើយគ្រប់គ្រងបញ្ហារបស់យើង ដោយបំណងព្រះទ័យដ៏ខ្ពស់បំផុត គឺដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ”។
ពេលដែលពួកសាសន៍យូដា ធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យផ្សេងៗ ជារៀងរាល់ឆ្នាំ(ចោទិយកថា ១៦:១៦) ពួកគេបានទទួលការធានាថា ព្រះអម្ចាស់កំពុងរៀបចំទិសដៅរបស់ពួកគេ ហើយគ្រប់គ្រងផ្លូវដែលក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា ដើម្បីឲ្យពួកគេធ្វើដំណើរដល់គោលដៅ។ ពួកគេមានការជឿទុកចិត្តលើការនេះ ដោយផ្អែកលើបទគម្ពីរទំនុក ដំកើង ជំពូក ១២១ ដែលជាបទចម្រៀងនៃពួកអ្នកដើរទៅរកទីបរិសុទ្ធ។ ពេលដែលពួកគេសួរថា “តើសេចក្តីជំនួយជួយដល់ខ្ញុំ មកពីណា?” នោះពួកគេក៏ដឹងច្បាស់ ដោយគ្មានសង្ស័យថា ជំនួយនោះ គឺមកពីព្រះអម្ចាស់ ដែលព្រះអង្គគ្រប់គ្រងលើទាំងអស់(ខ.១-២)។ ព្រះអម្ចាស់មិនដែលងោកងុយ ហើយការពារការធ្វើដំណើររបស់រាស្រ្តទ្រង់ ដោយព្រះទ័យទុកដាក់ (ខ.៣-៤) ព្រះអង្គមិនដូចពួកអ្នកយាម ដែលងោកងុយ ហើយក៏មិនដូចព្រះបាលដែលត្រូវការ ឲ្យគេដាស់ឲ្យភ្ញាក់ឡើយ(១ពង្សាវតាក្សត្រ ១៨:២៧)។ ព្រះអម្ចាស់ទ្រង់បានជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែ-ល…
ឈរឲ្យមាំមួន
ពេលដែលខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ត្រូវធ្វើកិច្ចការចុងក្រោយ ដើម្បីបញ្ចប់មុខវិជ្ជាផែនដីវិទ្យា កាលយើងនៅរៀនក្នុងថ្នាក់វិទ្យាល័យ យើងបានសម្រេចចិត្តសង់តុមួយសម្រាប់ពិសោធន៍ចរន្តទឹកហូរ។ ពេលនោះឪពុកខ្ញុំបានជួយសង់តុនោះ ដោយប្រើបន្ទះក្តាកុងផ្លាកេ ធ្វើប្រអប់វែងមួយ ដោយដាក់សន្ទះខ័ណ្ឌនៅចំកណ្តាល។ បន្ទាប់មកយើងក៏បានយកបន្ទះថង់ផ្លាស្ទិកមកក្រាលពីលើ ហើយដាក់ដីខ្សាច់ចូលឲ្យពេលប្រអប់នោះ។ យើងបានភ្ជាប់ក្បាលទុ-យោនៅខាងចុងម្ខាង បញ្ចូលទឹកពីខាងក្រៅ ហើយនៅចុងម្ខាងទៀត យើងបានធ្វើរន្ធសម្រាប់បង្ហូរទឹកចេញក្រៅ។ បន្ទាប់ពីយើងបានដំឡើងតុនោះរួចរាល់ហើយ យើងក៏ចាប់ផ្តើមការពិសោធន៍ ដោយលើកតុនោះឲ្យចុងម្ខាងខ្ពស់ជាងចុងម្ខាងទៀត រួចយើងក៏បើកទឹកឲ្យហូរចូលក្នុងតុនោះ។ ពេលនោះ យើងក៏នាំគ្នាមើលទឹកហូរច្រោះដីខ្សាច់ក្នុងតុនោះ បង្កើតបានជាស្នាមផ្លូវទឹក ដែលហូរចេញពីតុ តាមចុងម្ខាងទៀត។ ក្នុងផ្នែកបន្ទាប់នៃការពិសោធន៍នេះ យើងត្រូវដាក់ដុំថ្មមួយដុំ ក្នុងផ្លូវទឹកដែលកំពុងហូរនោះ ហើយមើលទឹកផ្លាស់ប្តូរទិសដៅ តាមផ្លូវផ្សេងទៀត ដោយសារដុំថ្មនោះ។
ការពិសោធន៍មួយនេះ មិនគ្រាន់តែបានបង្រៀនខ្ញុំ អំពីវិទ្យាសាស្រ្តប៉ុណ្ណោះទេ តែថែមទាំងបាននាំឲ្យខ្ញុំ មានការយល់ដឹងជាច្រើន អំពីជីវិតរបស់មនុស្ស។ វាបានបង្រៀនខ្ញុំថា បើខ្ញុំនៅលើច្រាំងទន្លេនៃជីវិត នោះខ្ញុំមិនអាចផ្លាស់ប្តូរទិសដៅរបស់ចរន្តទឹកបានឡើយ។ ខ្ញុំត្រូវតែបោះជំហានចូលទៅក្នុងទន្លេនៃជីវិត ហើយឈរក្នុងចរន្តទឹកនៃជីវិត ដើម្បីឲ្យវាហូរតាមទិសដៅថ្មី។ នោះហើយជាការអ្វីដែលព្រះយេស៊ូវបានធ្វើនោះ។ ព្រះគម្ពីរបានប្រដូចសេចក្តីសង្រ្គោះ ទៅនឹងថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយសាវ័កប៉ុលក៏បានបញ្ជាក់ថា ថ្មដានោះជាព្រះយេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះបានដាក់ព្រះយេស៊ូវ នៅក្នុងចរន្តទឹកនៃប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត។
ពេលដែលយើងនៅតែមានជំនឿរឹងមាំក្នុងព្រះគ្រីស្ទ ដោយឥតមានងាករេ នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ នោះព្រះទ្រង់នឹងប្រើយើង ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត…
តន្រ្តីនៃអវកាស
មានស្ថានីយសង្កេតមើលផ្កាយ របស់អង្គការណាសា បានរកឃើញប្រហោងយក្សពណ៌ខ្មៅមួយ ដែលបញ្ចេញសម្លេងហឹមៗ ក្នុងលំហរនៃអវកាស។ ប្រហោងយក្សនោះ មានទីតាំង ក្នុងចំណោមកញ្ចំកាឡាក់ស៊ីពើសៀស ដែលស្ថិតនៅចម្ងាយប្រហែល ២៥០លានឆ្នាំពន្លឺ ពីផែនដីយើង ហើយវាបញ្ចេញសម្លេងដោយរំញ័រ ដែលមានប្រេកង់ស្មើនឹងសម្លេងណោតស៊ី ក្នុងតន្រ្តី។ ប៉ុន្តែ សម្លេងរបស់វាទាបពេក បានជាយើងមិនអាចស្តាប់វាឮ ដោយត្រចៀកយើងផ្ទាល់បានទេ។ អ្នកវិទ្យាសាស្រ្តបានប្រើឧបករណ៍វិទ្យាសាស្រ្ត ដើម្បីវាស់សម្លេងនោះ បាន៥៧ខ្នាតរង្វាស់ ដែលនៅក្រោមសម្លេងកណ្តាលនៃណោតដូ របស់ព្យាណូ។
យ៉ាងណាមិញ ការនិយាយអំពីភ្លេង និងលំហរនៃអា-វកាស មិនមែនទើបតែមានក្នុងសម័យនេះទេ។ តាមពិត ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់ដល់លោកយ៉ូប ដោយមានបន្ទូលអំពីការទាំងអស់នេះ តាំងពីយូរមកហើយ។ ដែលកាលនោះ ព្រះអង្គបានសួរគាត់ថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? ចូរប្រាប់មក បើឯងមានយោបល់ … ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។”(យ៉ូប ៣៨:៤,៧)។ បានសេចក្តីថា ក្នុងពេលដែលព្រះបង្កើតចក្រវាលដ៏អស្ចារ្យនេះមក បទចម្រៀងសរសើរដំកើង និងសម្លេងស្រែកហ៊ោដោយអំណរ បានបន្លឺឡើងលាន់ខ្ទរថ្វាយសិរីល្អដល់ព្រះ។
ទំនុកបរិសុទ្ធដែលលោកគ្រូ សង់ ហ្រ្វង់ស៊ីស(St. Francis) នៃក្រុងអាស៊ីស៊ី បានពិពណ៌នាអំពីភាពអស្ចារ្យ និងការថ្វាយបង្គំ ដែលយើងមាន ពេលដែលយើងបានឃើញកាំរស្មីព្រះអាទិត្យនៅពេលថ្ងៃ ឬមើលផ្ទៃមេឃនៅពេលយប់ ដែលមានផ្កាយសល់សែន។
ឱជីវិតទាំងអស់ដែលព្រះ ដ៏ជាមហាក្សត្រដ៏ខ្ពស់បំផុតបានបង្កើត
ចូរលើកសម្លេងឡើង ហើយច្រៀងជាមួយយើងខ្ញុំថា ហាលេលូយ៉ា…
ព្រះយេស៊ូវស្រឡាញ់ខ្ញុំ
ក្នុងថ្ងៃដែលមានអាកាសធាតុត្រជាក់ សត្វឆ្កែចាស់មួយក្បាលរបស់ខ្ញុំ បានដើរចុះឡើងៗ នៅក្នុងទីធ្លាក្រៅផ្ទះ រកកន្លែងដែលមានថ្ងៃ ដើម្បីក្រាបដេក នៅលើស្មៅ ដើម្បីកម្តៅខ្លួនវាឲ្យកក់ក្តៅ ដោយពន្លឺថ្ងៃ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា យើងត្រូវតែ “រក្សាខ្លួន” ក្នុងសេចក្តីស្រឡាញ់របស់ព្រះ(យ៉ូដាស ១:២១)។ ការនេះមិនមានន័យថា យើងត្រូវតែប្រព្រឹត្តិតាមបែបដ៏ពិសេសណាមួយ ដើម្បីធ្វើឲ្យព្រះស្រឡាញ់យើងនោះឡើយ(ទោះបីជាយើង មានបំណងចង់ធ្វើឲ្យព្រះអង្គសព្វព្រះទ័យក៏ដោយ)។ ព្រោះយើងរាល់គ្នាជាកូនស្ងួនភ្ញារបស់ព្រះអង្គ នោះព្រះអង្គស្រឡាញ់យើង ទោះយើងបានធ្វើ ឬមិនបានធ្វើអ្វីក៏ដោយ។ បានសេចក្តីថា ផ្ទុយទៅវិញ យើងត្រូវគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយសម្រាកនៅក្នុងពន្លឺ និងភាពកក់ក្តៅនៃសេចក្តីស្រ-ឡាញ់របស់ព្រះអង្គ ពេញមួយថ្ងៃ។
“គ្មានអ្វីអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវបានឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គស្រឡាញ់យើង តាំងពីមុនពេលដែលយើងចាប់កំណើត ហើយព្រះអង្គនៅតែស្រឡាញ់យើង ក្នុងពេលឥឡូវនេះ។ នេះហើយជាអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ យើងជាកូនស្ងួនភ្ញារបស់ព្រះ។ នេះជាការអ្វី ដែលយើងត្រូវជញ្ជឹងគិតពេញមួយថ្ងៃ។
ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន មានពេលប្រាំដង ដែលលោកយ៉ូហានបានរៀបរាប់ថា គាត់ជាសាវ័កដែលព្រះយេស៊ូវស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះយេស៊ូវក៏ស្រឡាញ់សាវ័កដទៃទៀតផងដែរ ប៉ុន្តែ ត្រង់ចំណុចនេះ លោកយ៉ូហានគ្រាន់តែចង់បើកបង្ហាញពីការពិតថា ព្រះយេស៊ូវស្រឡាញ់គាត់ណាស់! ដូចនេះ យើងអាចនិយាយដូចសាវ័កយ៉ូហានថា “ខ្ញុំជាសាវ័កដែលព្រះយេស៊ូវស្រឡាញ់” ហើយចូរយើងឲ្យពាក្យនេះបានដក់ជាក់ក្នុងចិត្តយើង ពេញមួយថ្ងៃ។ ពុំនោះទេ យើងអាចច្រៀងបទចម្រៀងកុមារ…
ស្វាគមន៍មនុស្សទាំងអស់!
មានគម្រោងកែលម្អរក្រុងមួយ ដែលគេបានអនុវត្តនៅតាមផ្លូវធំ ក្នុងក្រុងរបស់ខ្ញុំ បានឲ្យគេសម្រេចចិត្តកំទេចព្រះវិហារដ៏ចំណាស់មួយកន្លែងចោល ដែលគេបានសាងសង់ព្រះវិហារនោះកាលពីទសវត្សរ៍ឆ្នាំ១៩៣០។ គេបានដកបង្អួចព្រះវិហារនោះចេញហើយ តែទោះបីជាគ្រឿងចាក់ឈួសឆាយដី បានចាប់ផ្តើមផ្តួលរំលំជញ្ជាំងរបស់ព្រះវិហារហើយក៏ដោយ ក៏ទ្វារទាំងឡាយឈរនៅកន្លែងដើមរបស់វា មិនទាន់រលំ អស់បីបួនថ្ងៃ។ ទ្វារនីមួយៗ នៅជុំវិញសំណង់ព្រះវិហារនោះ សុទ្ធតែមានសរសេរអក្សរធំៗពណ៌លឿងទំពីលើ តាំងពីយូរមកហើយថា : ហាមចូល!
គួរឲ្យស្តាយណាស់ ព្រះវិហារខ្លះ បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវ តែព្រះវិហារទាំងនោះល្អតែសម្បកក្រៅ មិនមានលក្ខណៈគ្រប់គ្រាន់ជាព្រះវិហារឡើយ ទោះបីជាពួកគេមិនបានសរសេរអក្សរធំៗថា ហាមចូលក៏ដោយ។ ទោះអ្នកទទួលស្វាគមន៍បានបង្ហាញទឹកមុខរីករាយក៏ដោយ ក៏មានអ្នកខ្លះនៅតែបង្ហាញឲ្យភ្ញៀងដឹងថា “គេមិនទទួលស្វាគមន៍អ្នក នៅទីនេះទេ!” ជាការពិតណាស់ សម្បកក្រៅរបស់មនុស្ស មិនបង្ហាញអំពីអ្វី ដែលមាននៅក្នុងចិត្តរបស់ពួកគេឡើយ។ ព្រះទ្រង់ផ្តោតអារម្មណ៍ទៅលើ ជីវិតខាងក្នុងរបស់មនុស្សម្នាក់ៗ។ ព្រះអង្គមិនទតមើលសម្បកក្រៅរបស់មនុស្សឡើយ តែព្រះអង្គទតមើលក្នុងចិត្តរបស់យើងវិញ(១សាំយ៉ូអែល ១៦:៧) ហើយព្រះអង្គក៏សព្វព្រះទ័យឲ្យយើងធ្វើដូចនេះផងដែរ។ ព្រះអង្គជ្រាបអំពីចិត្តរបស់អ្នក ដែលមាន “ភាពសុចរិត” នៅសម្បកក្រៅ តែ “ពេញដោយពុតត្បុត” នៅក្នុងចិត្ត(ម៉ាថាយ ២៣:២៨)។
ព្រះទ្រង់មានព្រះបន្ទូលស្វាគមន៍ដ៏ច្បាស់លាស់ សម្រាប់ឲ្យយើងយកទៅប្រាប់អ្នកដទៃ។ គឺដូចដែលព្រះអង្គបានមានបន្ទូលដល់អស់អ្នក ដែលស្វែងរកព្រះអង្គថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ”(អេសាយ ៥៥:១)។—Cindy Hess Kasper
ជៀសវាងការខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ
កាលពីពីរបីឆ្នាំកន្លងទៅ ខ្ញុំមានបញ្ហាខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរពីរដង។ ជាការពិតណាស់ ខ្ញុំមិនចង់ជួបរឿងនេះទៀតឡើយ។ វាបានកើតឡើងចំពោះខ្ញុំជាលើកដំបូង ពេលខ្ញុំមានគ្រោះថ្នាក់ដាច់សសៃសាច់ដុំ ខណៈពេលដែលខ្ញុំកំពុងជិះស្គីឆ្លងប្រទេស ហើយខ្ញុំខ្វះជាតិទឹកម្តងទៀត ពេលខ្ញុំធ្វើដំណើរកម្សាន្តក្នុងវាលរហោស្ថាន ដែលមានកម្តៅ៤៦អង្សាសេ ក្នុងប្រទេសអ៊ីស្រាអែល។ ក្នុងគ្រោះថ្នាក់ទាំងពីរលើក ខ្ញុំមានអាការៈវិលមុខ វង្វេងវង្វាន់ ព្រឹលភ្នែក និងមានរោគសញ្ញាជាច្រើនទៀត។ ការពិបាកទាំងអស់នេះ បានបង្រៀនខ្ញុំថា ទឹកមានសារៈសំខាន់ណាស់ នៅក្នុងការរក្សាសុខុមាលភាពឲ្យបានល្អ។
ការខ្វះជាតិទឹកក្នុងខ្លួនដ៏ធ្ងន់ធ្ងរនេះ គឺជាបទពិសោធន៍ ដែលបាននាំឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យដ៏មានតម្លៃ នៃការដែលព្រះគ្រីស្ទមានព្រះបន្ទូលអញ្ជើញថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”(៧:៣៧)។ ព្រះបន្ទូលប្រកាសរបស់ព្រះអង្គ ត្រង់ចំណុចនេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេស ត្រង់ចំណុចដែលទាក់ទងនឹងពេលវេលា។ សាវ័កយ៉ូ-ហានបានកត់សម្គាល់ថា ព្រះយេស៊ូវទ្រង់មានបន្ទូលជាពាក្យអញ្ជើញនេះ នៅថ្ងៃចុងក្រោយ នៃ“ពិធីបុណ្យបារាំ” ដែលគេប្រារព្ធជារៀងរាល់ឆ្នាំ ជាការរំឭក អំពីការដែលជនជាតិអ៊ីស្រាអែល វិលវល់ក្នុងវាលរហោស្ថាន ដែលវគ្គសំខាន់បំផុតនៃពិធីបុណ្យនេះ គឺការចាក់ទឹកបង្ហូរចុះតាមជណ្តើរនៃព្រះវិហារ ដើម្បីរំឭកអំពីការដែលព្រះប្រទានទឹក សម្រាប់ពួកអ៊ីស្រាអែល ដែលស្រេកទឹក ក្នុងដំណើរវិលវល់នោះ។ នៅពេលនោះ ព្រះយេស៊ូវទ្រង់បានក្រោកឈរឡើង ហើយប្រកាសថា ព្រះអង្គជាទឹកដែលយើងរាល់គ្នាត្រូវការ ដោយខានមិនបាន។
ដើម្បីឲ្យសុខុមាលភាពខាងវិញ្ញាណយើង មានភាពល្អប្រសើរ ជាចាំបាច់ យើងត្រូវមានការរស់នៅ ដែលបង្ហាញថា យើងពិតជាត្រូវការព្រះអង្គ ដោយការសន្ទនាជាមួយព្រះអង្គ…
ជម្នះសេចក្តីអំណួតខ្លួនឯង
ក្នុងសម័យចក្រភពរ៉ូម ពេលដែលមេទ័ពម្នាក់ វិលត្រឡប់ពីធ្វើសង្រ្គាមដែលមានជ័យជម្នះ តាមធម្មតា គេធ្វើក្បួនដង្ហែរជ័យជម្នះ ដើម្បីទទួលស្វាគមន៍មេទ័ព ដែលបានប្រយុទ្ធកាន់កាប់បានទឹកដីថ្មីនោះ។ នៅក្នុងក្បួនដង្ហែរនោះ មានការរាប់បញ្ចូលកងទ័ពរបស់មេទ័ពនោះ ក៏ដូចជាចំណាប់ខ្មាំង និងជ័យភ័ណ្ណ ដែលពួកគេរឹបយកបាន ជាភស្តុតាងនៃជ័យជម្នះរបស់ពួកគេ។ ពេលដែលក្បួនដង្ហែរកំពុងឆ្លងកាត់តាមទីក្រុង មានមនុស្សទាំងហ្វូងស្រែកហូរ ដើម្បីអបអរជ័យជម្នះរបស់វីរៈបុរសរបស់ពួកគេ។ តែទន្ទឹមនឹងនោះ ដើម្បីកុំឲ្យមេទ័ពនោះ មានមោទនភាពបំប៉ោងហួសហេតុពេក គេបានឲ្យទាសករម្នាក់ជិះនៅក្នុងរទេះសេះចម្បាំងជាមួយគាត់ ក្នុងក្បួនដង្ហែរនោះដែរ។ តើមកពីហេតុអ្វី? មូលហេតុគឺដើម្បីកាលណាជនជាតិរ៉ូម៉ាំងទាំងហ្វូងៗ ស្រែកសរសើរមេទ័ពនោះយ៉ាងកងរំពង ទាសករនោះអាចបន្តខ្សិបដាក់ត្រចៀកគាត់ជាប់ជានិច្ចថា “អ្នកក៏អាចស្លាប់ដែរ”។
ពេលយើងមានជ័យជម្នះ ហើយក៏អាចភ្លេចភាពកម្សោយរបស់ខ្លួនឯង ហើយអនុញ្ញាតឲ្យចិត្តយើងមានពេញដោយអំណួតដ៏គ្រោះថ្នាក់។ សាវ័កយ៉ាកុបបាននាំយើង ឲ្យងាកចេញពីគ្រោះថ្នាក់នៃសេចក្តីអំណួត ហើយងាកទៅរកការបន្ទាបខ្លួន និងងាកទៅរកព្រះវិញ។ បានជាគាត់មានប្រសាសន៍ថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ ចំណុចសំខាន់នៃសេចក្តីបង្រៀននេះគឺ ព្រះគុណ ។ គ្មានអ្វីដែលអស្ចារ្យជាងព្រះគុណព្រះឡើយ! មានតែព្រះអម្ចាស់ទេ ដែលសមនឹងទទួលការអរព្រះគុណ និងសរសើរដំកើង ជាពិសេស សម្រាប់ព្រះគុណដែលព្រះអង្គបានប្រទានដល់យើង។
ស្នាដៃ ជ័យជម្នះ ឬភាពអស្ចារ្យរបស់យើង មិនមែនបានមកពីខ្លួនយើងឡើយ តែជាព្រះពរនៃព្រះគុណនៃព្រះដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដែលជាទីពឹងផ្អែករបស់យើង អស់កល្បជានិច្ច។—Bill Crowder
ភ្នែកខាងវិញ្ញាណដ៏អស់កល្ប
កាលពីខែមុន ខ្ញុំបានទៅពិនិត្យភ្នែក។ ក្រោយមក គ្រូពេទ្យបានប្រាប់ខ្ញុំថា ពេលនេះខ្ញុំអាចមើលឃើញរូបភាពនៅឆ្ងាយៗ ច្បាស់ជាងមុន។ ពីដំបូងឡើយ ខ្ញុំគិតថា នេះជាដំណឹងល្អ តែក្រោយមកមិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា “យើងអាចមើលឃើញរូបភាពនៅឆ្ងាយ ច្បាស់ជាងមុន ពេលដែលយើងមានវ័យកាន់តែចាស់ តែទន្ទឹមនឹងនោះ ការមើលឃើញរូបភាពនៅជិត ក៏អាចមានការអន់ថយផងដែរ”។ ដំណឹងនេះ បានធ្វើឲ្យខ្ញុំគិតអំពីការមើលឃើញរូបភាពនៅឆ្ងាយមួយបែបទៀត របស់គ្រីស្ទបរិស័ទមួយចំនួន ដែលខ្ញុំបានសង្កេតមើលក្នុងពេលកន្លងមក។ អ្នកដែលបានស្គាល់ព្រះអម្ចាស់អស់រយៈពេលយូរ ឬបានឆ្លងកាត់ការល្បងលធំៗក្នុងជីវិត ហាក់ដូចជាអាចមើលទៅនគរស្ថានសួគ៌បានឃើញច្បាស់ជាងយើងរាល់គ្នា។ ភ្នែកខាងវិញ្ញាណដ៏អស់កល្បរបស់ពួកគេ កាន់តែមើលឃើញច្បាស់ល្អ ហើយការមើលឃើញរូបភាព “លោកិយ” ដែលនៅជិតបង្កើយ ក៏មានការថយចុះផងដែរ។
ដោយសារសាវ័កប៉ុល មានភ្នែកខាងវិញ្ញាណប្រភេទនេះហើយ បានជាគាត់លើកទឹកចិត្តពួកជំនុំក្រុងកូរិនថូសថា “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ … របស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(២កូរិនថូស ៤:១៧-១៨)។
សព្វថ្ងៃនេះ យើងត្រូវរៀនប្រើ “ភ្នែកខាងវិញ្ញាណ”របស់យើង។ លោកយ៉ូណាថាន អេឌ-វើត(Jonathan Edwards) ដែលជាអ្នកប្រាជ្ញទេវវិជ្ជា បានមានប្រសាសន៍ថា “ការទៅរស់នៅ ក្នុងនគរស្ថានសួគ៌ ជាមួយព្រះ ដោយអំណរដ៏ពោរពេញ គឺពិតជាប្រសើរជាងការស្នាក់នៅដ៏ល្អបំផុត ដែលយើងអាចរកបាន ក្នុងលោកិយនេះ”។ ដូចនេះ ខណៈពេលដែលយើងអរសប្បាយនឹងរបស់គ្រប់យ៉ាង…
ការបម្រើ និងការធ្វើបន្ទាល់
ក្នុងអំឡុងពេលដែលអ្នកស្រី ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុងធ្វើការជាអ្នកបម្រើតាមផ្ទះ ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស នៅដើមសតវត្សរ៍ទី២០ គាត់មានក្តីស្រមៃមួយ។ គោលដៅរបស់គាត់ គឺធ្វើជាបេសកជន ក្នុងប្រទេសចិន។ តែមានអង្គការបេសកកម្មមួយបានប្រាប់គាត់ថា គាត់ “មិនមានសមត្ថភាពគ្រប់គ្រាន់ទេ” ហើយក៏បានបដិសេធមិនឲ្យគាត់ទៅបម្រើការជាបេសកជនឡើយ។ ដូចនេះ អ្នកស្រីក្លេឌីស ក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិន ដោយខ្លួនឯង។ ពេលគាត់មានអាយុ២៨ឆ្នាំ គាត់បានយកលុយដែលគាត់បានសន្សំពេញមួយជីវិត ទៅទិញសំបុត្រយន្តហោះ ដែលសម្រាប់ធ្វើដំណើរបានតែមួយជើង ទៅភូមិយ៉ាងចេង នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសចិន។ បន្ទាប់មក គាត់ក៏បានបើកផ្ទះសំណាក់មួយ សម្រាប់ពួកអ្នកជំនួញដែលធ្វើដំណើរកាត់តាមនោះ ហើយគាត់ក៏បានចែកចាយអំពីរឿងក្នុងព្រះគម្ពីរ នៅទីនោះ។ អ្នកស្រីក្លេឌីសក៏បានបម្រើការ នៅក្នុងភូមិផ្សេងទៀតផងដែរ ហើយគេក៏បានហៅគាត់ថា អៃ-វេដេហ ដែលជាភាសាចិនប្រែមកថា “អ្នកមានគុណធម៌”។
សាវ័កប៉ុលក៏បានផ្សាយដំណឹងល្អ ទៅដល់តំបន់ឆ្ងាយៗ ក្នុងពិភពលោកផងដែរ។ គាត់បានដាក់ខ្លួនធ្វើអ្នកបម្រើ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺដូចដែលគាត់បានមានប្រសាសន៍ អំពីការបម្រើនោះថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(៤:៥)។
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែត្រូវបានព្រះត្រាសហៅ ឲ្យទៅអត់ទ្រាំនឹងទុក្ខលំបាក នៅក្នុងការផ្សាយដំណឹងល្អ ក្នុងតំបន់ដាច់ស្រយ៉ាលឡើយ។ ប៉ុន្តែ យើងម្នាក់ៗ មានការទទួលខុសត្រូវ ក្នុងនាមជាអ្នកបម្រើព្រះ…
ការអស្ចារ្យដែលហោះហើរ
ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ សត្វមេអំបៅ ស្ថិតក្នុងចំណោមសត្វដ៏ស្រស់ស្អាតបំផុត ដែលព្រះអង្គបានបង្កើត! សត្វមេអំបៅហោះហើរយ៉ាងស្រទន់ ដោយទទះស្លាបដែលមានពណ៌ចម្រុះ ហើយពេលដែលយើងស្វែងយល់ពីរបៀបនៃការបន្លាស់ទីលំនៅ របស់ពួកវា យើងប្រហែលជាយល់ថា ពួកវាជាស្នាព្រះហស្តឯក នៃពិភពធម្មជាតិ។ សត្វល្អិតដែលចេះហើរនេះ មិនគ្រាន់តែបាននាំមកនូវការមើលកម្សាន្តប៉ុណ្ណោះទេ តែទន្ទឹមនឹងនោះ ក៏បានផ្តល់ឲ្យយើងនូវគំរូនៃភាពអស្ចារ្យ នៃស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះ។ ឧទាហរណ៍ សត្វមេអំបៅស្តេចដ៏អស្ចារ្យ អាចធ្វើដំណើរ៤៨០០គីឡូម៉ែត្រ ក្នុងការផ្លាស់ទីលំនៅ ពីសហរដ្ឋអាមេរិក ទៅតំបន់អាមេរិកកណ្តាល ដែលនៅទីបំផុត ពួកវាក៏បានទៅដល់ដើមឈើ ដែលឪពុកម្តាយ ឬជីដូនជីតាវាធ្លាប់ទំនៅ កាលពីជំនាន់មុនៗ។ ការផ្លាស់ទីលំនៅនេះ ត្រូវបានទទួលការបញ្ជា ដោយខួរក្បាលរបស់ពួកវា ដែលមានទំហំប៉ុនក្បាលប៊ិច។ ម្យ៉ាងទៀត យើងអាចពិចារណា អំពីការប្រែរូបកាយ របស់សត្វមេអំបៅស្តេចពីសត្វដង្កូវ។ ពេលដែលសត្វដង្កូវធ្វើសូត្រព័ទ្ធជុំវិញខ្លួនវា វាបញ្ចេញជាតិគីមីម្យ៉ាង ដែលធ្វើឲ្យផ្នែកខាងក្នុងខ្លួនវាប្រែក្លាយជាមានសភាពទន់ ដោយគ្មានរូបរាង្គអ្វីមួយច្បាស់លាស់។ ប៉ុន្តែ វាក៏ដុះចេញជាខួរក្បាល គ្រឿងក្នុង ក្បាល ជើង និងស្លាបសត្វមេអំបៅ។
មានអ្នកឯកទេសខាងសត្វមេអំបៅម្នាក់ បានមានប្រសាសន៍ថា “ការលូតលាស់នៃរូបកាយរបស់សត្វដង្កូវ ក្លាយជាសត្វមេអំបៅ ដែលមានខ្លួន និងស្លាប គឺពិតជាស្ថិតក្នុងចំណោមភាពអស្ចារ្យ នៃជីវិតនៅលើផែនដីនេះ”។ មានអ្នកឯកទេសម្នាក់ទៀត យល់ថា ការប្រែរូបកាយរបស់សត្វមេអំបៅ “ត្រូវបានគេចាត់ទុកជាការអស្ចារ្យ”។ និយាយរួម “អស់ទាំងស្នាដៃរបស់ទ្រង់មាន…